“សំឡេងកម្ពុជាក្រោម” ឬ “Voice of Kampuchea-Krom” ជាវិទ្យុផ្សាយតាមរយៈប្រព័ន្ធអិនធើណិត ផលិតដោយនាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom) ដែល មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។
វិទ្យុ “សំឡេងកម្ពុជាក្រោម” មានតួនាទីនាំដំណឹងជូនដល់ប្រជាជាតិខ្មែរក្រោមម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម ដែលពួកគេមិនដែលមានស្ថានប័នព័ត៌មានឯករាជ្យរបស់ខ្លួន និងមិនដែលបានទទួលព័ត៌មានពិត គ្រប់ជ្រុងជ្រោយឡើយ ព្រោះ ប្រជាជាតិខ្មែរក្រោម សព្វថ្ងៃ កំពុងរស់នៅក្រោមការ ត្រួតត្រាបែបអាណានិគមពីរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។ សព្វថ្ងៃ វៀតណាមជាប្រទេសប្រកាន់ យករបបកុម្មុយនិស្ត រាល់ប្រព័ន្ធផ្សព្វផ្សាយជារបស់រដ្ឋ ហើយមិនមានស្ថាប័នព័ត៌មានឯកជនផ្សាយ ព័ត៌មានឯករាជ្យឡើយ ។
វិទ្យុ “សំឡេងកម្ពុជាក្រោម” បង្កើតឡើងដើម្បីជម្រុញឲ្យមានការគោរពសិទ្ធិនៃការបញ្ចេញមតិ និងទស្សនៈ របស់ប្រជាជាតិខ្មែរក្រោម ដែលកំពុងត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមបំបិទមាត់ ។ ម្យ៉ាង ទៀត វិទ្យុ “សំឡេងកម្ពុជាក្រោម” ជាវេទិកាមួយ សម្រាប់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ដែលត្រូវបាន រដ្ឋាភិបាលវៀតណាមបំបិទសំឡេងនោះ ឲ្យមានឱកាសបញ្ចេញមតិផ្សេងៗទាក់ទិននឹងបញ្ហារបស់ខ្លួននៅ ទីនេះ ដើម្បីឲ្យពិភពខាងក្រៅបានជ្រាប ។ ក្រៅពីការបញ្ចេញមតិ ពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ក៏អាចទទួលបានព័ត៌មានពីប្រភពខាងក្រៅ ទាក់ទិននឹងសកម្មភាព និងជីវភាពរបស់នៅ របស់ប្រជាជាតិ ខ្មែរក្រោមដែលកំពុងរស់នៅក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក, បណ្ដាប្រទេសអ៊ឺរ៉ុប, កាណាដា និង អូស្ត្រាលី ជាដើម ដែលជាប្រទេសជឿនលឿន មានការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ។ ដូច្នេះ វិទ្យុ “សំឡេងកម្ពុជាក្រោម” ជាស្ពានសេរីភាពមួយសម្រាប់ឲ្យពលរដ្ឋខ្មែរក្រោមនៅក្នុងស្រុក និង ជុំវិញពិភព លោកបានធ្វើដំណើរទៅរកគ្នា និងបានស្វែងយល់គ្នាកាន់តែច្បាស់ ដើម្បីរួមគ្នាផ្លាស់ប្ដូរសង្គមខ្មែរក្រោម នៅកម្ពុជាក្រោមឲ្យកាន់តែប្រសើរឡើង និងឆ្ពោះទៅរក “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” នាពេលអនាគត ។
ចំណុចស្នូលសំខាន់នៃបេសកកម្មរបស់វិទ្យុ “សំឡេងកម្ពុជាក្រោម” គឺការប្រកាន់ខ្ជាប់នូវបទដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន ។
កម្មវិធីផ្សាយនៃ វិទ្យុ “សំឡេងកម្ពុជាក្រោម” រក្សានូវរបៀបនិយាយដែលមានលក្ខណៈស្ងប់ស្ងៀម មិនលាយឡំនឹងមនោសញ្ចេតនា ព្រមទាំងជៀសវាងនូវការបង្កជម្លោះ ការឃោសនា ឬ ការប្រមាថលើជនណា ក្រុមណា ឬ រដ្ឋាភិបាលណាមួយ ។
កម្មវិធីផ្សាយនៃ វិទ្យុ “សំឡេងកម្ពុជាក្រោម” មិនញុះញង់អ្នកស្ដាប់ឲ្យប្រព្រឹត្តអំពើហិង្សា ឬ លើកទឹកចិត្តឲ្យមានការបះបោរ ឬ ធ្វើចំណាកស្រុកឡើយ ។ កម្មវិធីផ្សាយរបស់យើង ប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ មានការផ្សព្វផ្សាយព័ត៌មានដោយសេរី និងផ្តល់នូវវេទិកាសំរាប់មានការបញ្ចេញមតិ និងទស្សនៈពីគ្រប់មជ្ឈដ្ឋាន ជាពិសេស ពីសំណាក់ប្រជាជាតិខ្មែរក្រោម ។ ប្រសិនបើ កម្មវិធីផ្សាយនៃ វិទ្យុ “សំឡេងកម្ពុជាក្រោម” មានកំហុសក្នុងការផ្សាយសំឡេង ឬ អត្ថបទនៅលើគេហទំព័រ គណៈកម្មការយើង នឹងទទួលកំហុស ហើយកែតម្រូវជាបន្ទាន់ តាមមធ្យោបាយ ដែលអាចធ្វើទៅបាន ។
ចាប់តាំងពីបារាំងបានប្រកាសឲ្យដែនដីកម្ពុជាក្រោម (កូស័ងស៊ីន/Cochin China) ឋិតនៅក្រោមរដ្ឋ ចំណុះវៀតណាម កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ មក ទំនាក់ទំនង ប្រជាជាតិខ្មែរក្រោម នៅកម្ពុជា ក្រោម ត្រូវបានកាត់ផ្ដាច់ចេញពីប្រជាជាតិខ្មែរនៅប្រទេសកម្ពុជារហូតមកដល់សព្វថ្ងៃ បានធ្វើឲ្យភាសា និយាយរបស់ប្រជាជាតិខ្មែរក្រោម មានលក្ខណៈរដឺនប្លែកពីប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេសកម្ពុជា ដែល កត្តានេះ សេចក្ដីរាយការណ៍ព័ត៌មាននៃវិទ្យុ “សំឡេងកម្ពុជាក្រោម” ខ្លះ អាចពិបាកស្ដាប់សម្រាប់ពលរដ្ឋខ្មែរដែលមានកំណើតនៅប្រទេសកម្ពុជា ។
កម្មវិធីផ្សាយនៃវិទ្យុ “សំឡេងកម្ពុជាក្រោម” បានទទួលជោគជ័យ ល្គឹកណាតែព័ត៌មានរបស់យើងខ្ញុំ បាន ជ្រួតជ្រាបទៅដល់អ្នកស្ដាប់គ្រប់មជ្ឈដ្ឋាន និងដល់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ៕